វិញ្ញាបនបត្រអាកាសយានដ្ឋាន
វិញ្ញាបនបត្រនេះជាតម្រូវការចាំបាច់ខ្វះមិនបានសម្រាប់ធ្វើប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចេញវិញ្ញាបនបត្រនេះដោយអនុលោមតាមស្តង់ដា និងអនុសាសន៍ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងនិយតកម្មក្នុងស្រុក។ ដើម្បីទទួលបានការបញ្ជាក់ថាជាប្រតិបត្តិករអាកាសយានដ្ឋានបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបង្ហាញអនុលោមភាពរបស់ខ្លួនឱ្យត្រូវតាមស្តង់ដាអន្តរជាតិទាំងអស់ ដែលសំដៅ ជាពិសេស លើការផ្តល់សេវាសុវត្ថិភាព និងនីតិវិធីគ្រប់គ្រងដ៏ប្រសើរបំផុត។ ដើម្បីសម្រេចដូច្នេះបាន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមួយត្រូវបានដាក់ឱ្យដំណើរការ អមជាមួយការធ្វើសវនកម្មលើក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពីសំណាក់មន្ត្រីអធិការកិច្ចនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិល។
ISO 9001
វិញ្ញាបនបត្រ ISO 9001 សង្កត់ធ្ងន់លើគុណភាព ហើយត្រូវបានយកមកអនុវត្តលើនាយកដ្ឋានតែចំនួនពីរប៉ុណ្ណោះ នៅពេលវាត្រូវបានដាក់ចេញនៅឆ្នាំ២០០៣។ ដើម្បីអាចទទួលវិញ្ញាបនបត្រក្រោមស្តង់ដាអន្តរជាតិនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបំពេញតាមតម្រូវការចាំបាច់ច្រើនលំដាប់ រាប់ទាំងតម្រូវការឱ្យមានប្រព័ន្ធគ្រប់គ្រងគុណភាពផងដែរ។ អាកាសយានដ្ឋានទាំងបីដែលគ្រប់គ្រងដោយក្រុមហ៊ុន និងនាយកដ្ឋានទាំងអស់របស់ក្រុមហ៊ុន ត្រូវបានដាក់បញ្ចូលទៅក្នុងស្តង់ដានេះ។ ដើម្បីអាចរក្សាវិញ្ញាបនបត្រនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវឆ្លងការពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ពីសំណាក់ក្រុមហ៊ុន BM Trada ដែលដើរតួជាសវនករឯករាជ្យ។ ដើម្បីមើលគោលនការរបស់អាកាសយានដ្ឋានកម្ពុជា សូមចុចនៅទីនេះ
គោលនយោបាយគុណភាព
Cambodia Airports បេ្តជ្ញាធ្វើការកែលំអរប្រព័ន្ធគ្រប់គ្រងគុណភាពជានិច្ច ដើម្បីបំពេញនូវតំរូវការ ឬ អោយលើសពីការរំពឹងទុករបស់ភាគីដែលពាក់ព័ន្ធ។
Copied from Clause 5.2 of Quality Manual
ISO 14001
ជាវិធីសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឡើងកំដៅទូទាំងសាកលលោក និងដើម្បីជួយការពារបរិស្ថានរបស់យើងផង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កំពុងស្នើសុំវិញ្ញាបនបត្រស្តង់ដា ISO 14001:2015 សម្រាប់អាកាសយានដ្ឋានទាំងបីរបស់ខ្លួន។ យើងធ្វើការប្ដេជ្ញានេះដោយស្ម័គ្រចិត្ត ដើម្បីធានាយ៉ាងណាឱ្យរាល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនយើងមានភាពស្របតាមបញ្ញត្តិផ្នែកបរិស្ថាន។ ជាមួយគ្នានេះដែរ តាមរយៈប្រព័ន្ធគ្រប់គ្រងបរិស្ថានមួយ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងក្នុងអភិក្រមជាលក្ខណៈប្រព័ន្ធមួយសំដៅទៅកាត់បន្ថយការប្រើប្រាស់ថាមពល ការបញ្ចេញកាកសំណល់ និងហានិភ័យបំពុលដោយចៃដន្យ។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានដាក់គោលដៅថា នឹងយកឱ្យបាននូវការបញ្ជាក់វិញ្ញាបនបត្របរិស្ថានសម្រាប់អាកាសយានដ្ឋានទាំង៣នេះនៅចុងឆ្នាំ២០២០។
ការទទួលស្គាល់គុណភាពកាបូនអាកាសយានដ្ឋាន
កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (Airport Council International) ដោយមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូន និងបង្កើននិរន្តរភាពរបស់អាកាសយានដ្ឋាន។ VINCI Airports គឺក្រុមហ៊ុនអន្តរជាតិដំបូងគេដែលបានដាក់អាកាសយានដ្ឋានទាំងអស់ដែលខ្លួនកំពុងគ្រប់គ្រង នៅក្រោមស្តង់ដាបញ្ជាក់ការបំភាយកាបូនឈ្មោះថា Airport Carbon Accreditation។ យោងលើកម្មវិធី VINCI Airports កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានសម្រេចចិត្តអនុវត្តតាមកម្មវិធីនេះ រហូតទទួលបានការបញ្ជាក់កម្រិត១ នាពេលនេះ។ ជំហានបន្ទាប់គឺយើងនឹងអនុវត្តផែនការសកម្មភាពដើម្បី កាត់បន្ថយការបំភាយកាបូន ដែលមួយផ្នែកធំនឹងអាស្រ័យទៅលើការបន្ថយការប្រើប្រាស់ថាមពលរបស់យើង (មានអគ្គិសនី និងប្រេងឥន្ធនៈ)។